top of page

ខ្លឹមសារនៃបុណ្យចូលព្រះវស្សា


តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែងនាំគ្នាប្រា​​​រព្ធ “បុណ្យចូលព្រះវស្សា” ជាភាសាបាលីថា “វស្សូបនយិកា” ។ បុណ្យចូលវស្សាជាបុណ្យមួយមានដើម​កំណើតតាំងអំពីសម័យព្រះពុទ្ធកាលមកម្ល៉េះ ។


គ្រាដែលព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំង១២៥០រូប ប្តូរពីចំការ​ត្នោតមកគង់ក្នុងព្រៃឫស្សីទៀបក្រុង​រា​គ្រឹះ គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាតផង ។ ក្នុង​ពេលជាមួយគ្នានោះ មានភិក្ខុមួយចំនួនចូលទៅក្រាបបង្គំទូលព្រះសាស្ដាចារ្យថា “បពិត្រព្រះអង្គ​ដ៏ចម្រើន! ក្នុងកាលដែលខ្ញុំព្រះអង្គទាំងឡាយ ត្រាច់បិណ្ឌបាតតាមភូមិអ្នកស្រុក ខ្ញុំព្រះអង្គបានឮអ្នកស្រុក​គេពោលតិះដៀលនិងបន្តុះបង្អាប់ដល់គណៈរបស់យើងថា “ ពួក សមណៈជាសាក្យបុត្រ មិនសមនឹង​ដើរបិណ្ឌបាត ត្រាច់ចរក្នុងវស្សានរដូវ ដើរជាន់ស្មៅស្រស់ ជាន់ជន្លេននិងសត្វល្អិតដែលចេញមកលើដីនៅពេលភ្លៀងធ្លាក់នេះឡើយ ។ សូម្បីតែពួកបរិព្វាជកនៅក្នុងលទ្ធិដទៃ និងពួក​អន្យ​តិរត្ថីយដែលជា​អ្នកពោលនូវធម៌អាក្រក់ ក៏គង់តែពួគេឈប់សម្រាកនៅក្នុងរដូវវស្សានេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែសត្វស្លាបទាំងឡាយក៏គង់វាចូលជ្រកក្នុងសម្បុកលើចុងឈើដែរ “។


ព្រះពុទ្ធទ្រង់ព្រះតម្រិះថា “ពាក្យតិះដៀលរបស់អ្នកស្រុកទាំងនោះ គឺជាពាក្យត្រឹមត្រូវ និងព្រះអង្គ​ផ្ទាល់ក៏មិនទាន់បានបញ្ញត្តិនូវការចូលវស្សានេះដល់ភិក្ខុទាំងឡាយផងដែរ ទើបព្រះ​អង្គ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក​ប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលកាន់វស្សាជាផ្លូវការ” ។ ព្រះ​អង្គ​ទ្រង់ត្រាស់​ថា “ ម្នាល​ភិក្ខុទាំងឡាយ! នៅរដូវវស្សាអាកាសធាតុមិនសូវ​ល្អដល់ការ​ធ្វើ​ដំណើរ​ឡើយ។ ភិក្ខុទាំងឡាយ​ក៏ត្រូវ​ការទីកន្លែងសម្រាប់រៀនសូត្រព្រះធម៌រួមគ្នាក្នុងរដូវភ្លៀងនេះដែរ ។ ឥឡូវនេះ យើងមានកន្លែងល្អ​មួយដែលអាចជួយភិក្ខុសង្ឃឲ្យចៀសផុតអំពីជម្ងឺតម្កាត់ផ្សេងៗ និងចៀស​វាង​ការដើរជាន់ស្មៅស្រស់​និងសត្វល្អិតនានា​ ដែលចេញមកលើដីទៀតផង ។ រៀងរាល់ឆ្នាំក្នុង​រដូវ​វស្សា ភិក្ខុណាដែលកំពុង​ស្ថិតនៅក្នុងដំណើរឬក៏ត្រាច់ចរទៅតាមជនបទផ្សេង ៗ នោះត្រូវតែវិល​ត្រឡប់​កមកាន់វត្តវិញឲ្យទាន់​ពេលដើម្បីចូលកាន់ព្រះវស្សា ។ ពេលចូលកាន់វស្សានោះ អ្នកអាចប្រាប់​ឧបាសក​ឧបាសិការស់​នៅ​ក្នុងតំបន់ដែលអ្នកគង់នៅនោះឲ្យជួយផ្គត់ផ្គង​នូវ​ចង្ហាន់​បិណ្ឌបាត ។ ឧបាសក-ឧបាសិកានោះក៏​បានទទួលនូវប្រយោជន៍អំពីការប្រៀនប្រដៅធម៌អាថ៌​របស់​ព្រះ​សង្ឃ ក្នុងឱកាសនោះដែរ” ។


ដោយហេតុថាក្នុងរដូវវស្សាមានទៅដល់៤ខែ ចាប់ពីថ្ងៃ១រោចខែអាសាធ (ឬខែទុតិយា​សាធ បើឆ្នាំនោះមានអធិកមាស គឺអាសាឍពីរដង) រហូតដល់ថ្ងៃ ១៥កើតខែកត្តិក ភិក្ខុត្រូវចាំវស្សាបានតែ៣ខែ ទើបព្រះដ៏​មានព្រះភាគទ្រង់ត្រាស់អនុញ្ញាតឲ្យមានការចូលវស្សាជាពីរបែប គឺ ៖ ថ្ងៃចូលកាន់វស្សាដើម ឬចូលវស្សាទី១ ​(បុរិមិ​កាវស្សា) និង ថ្ងៃចូលវស្សាចុង (បច្ឆិមិកាវស្សា ឬចូលវស្សាទី២) ។


ភិក្ខុទាំងឡាយ ដែលមិននៅក្នុងដំណើរ អាចចូលកាន់បុរិមិកាវស្សា នៅថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយាសាធ) រហូតដល់ថ្ងៃ ១៥កើតខែអស្សុជទើបចេញវស្សាវិញ ។ តែបើសិនជាមានឆ្នាំណា​អធិកមាស គឺឆ្នាំដែលត្រូវលើកខែ ត្រូវចូលនៅថ្ងៃ១៥កើតទុតិយាសាធ និងចេញនៅថ្ងៃ ១៥កើតខែ​អស្សុជ ព្រោះមានពុទ្ធានុញ្ញាតថា “ អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតំ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថា​គត អនុញ្ញាតឲ្យភិក្ខុចូលកាន់វស្សាទៅតាមការអនុវត្តលើកខែ របស់ព្រះរាជាចុះ”។

ចំពោះភិក្ខុណាដែលជាប់កិច្ចធុរៈ អាចចូលកាន់បច្ឆិមិកាវស្សានៅថ្ងៃ ១រោចខែស្រាពណ៍ រហូត​ទៅដល់ថ្ងៃ ១៥កើតកត្តិក ទើបចេញវស្សាវិញក៏បានដែរ ។


ការចូលវស្សាទាំង ២ យ៉ាងនេះ ភិក្ខុមិនអាចគេចវេះបានឡើយ គឺត្រូវតែចូលជាដាច់ខាត ដូច​មានពុទ្ធបញ្ញត្តិថា “ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ​ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស” ប្រែថា “ ម្នាល​ភិក្ខុទាំងឡាយ! ភិក្ខុមិនអាចមិនចូលវស្សាបានឡើយ គឺត្រូវតែចូលវស្សាដាច់ខាត បើភិក្ខុណាមិនចូល​វស្សា ភិក្ខុរូបនោះនឹងត្រូវអាបត្តិទុក្កដ” ។


ថ្ងៃចូលវស្សា ភិក្ខុត្រូវចូលក្នុងរោងឧបោសថាគារ (វិហារ) ដើម្បីអធិដ្ឋានចូលវស្សាព្រមគ្នាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយចាំវស្សាអស់ ៣ខែនេះ​ ក្នុង​អាវាសនេះ” ។ ពេលអធិដ្ឋានភិក្ខុត្រូវតាំងចិត្តថា នឹងនៅក្នុងវេលារាត្រីរក្សាអរុណរះឡើង តែក្នុងពេលខ្លួននៅ​ក្នុងខែត្រនៃអាវាស រហូតដល់កំណត់ ៣ ខែ ។ បើភិក្ខុនៅចាំវស្សាក្នុងទីសេនាសនៈណាមួយ ត្រូវតែកំណត់ខែត្រ និងបរិវេណទីសេនាសនៈ​នោះ។ បើនៅច្រើនគ្នា ត្រូវអធិដ្ឋានចូលគ្នាព្រមគ្នាថា “ឥមស្មឹ សានាសនេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយនៅចាំវស្សាអស់៣ខែនេះ ក្នុងទីសេនាសនៈនេះ” ។


បើភិក្ខុនៅតែម្នាក់ឯង ត្រូវតែអធិដ្ឋានថា “ឥមស្មឹ សេនាសនេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬ អាត្មាអញនៅចាំវស្សាអស់ ៣ខែនេះ ក្នុងទីសេនាសនៈនេះ”។ បើនៅក្នុងកុដិធំច្រើនគ្នា ត្រូអធិដ្ឋានព្រមគ្នាថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។ បើនៅតែឯងត្រូវតែអធិដ្ឋានថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អាត្មាអញ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។


បើនៅក្នុងតូបឬកុដិតូច តែម្នាក់ឯងក្នុងព្រៃ ត្រូវកំណត់ខែត្រ ឬទីបរិវេណនៃតូបឬកុដិនោះ ត្រូវ អធិដ្ឋានថា “ឥមិស្សំ ឬ ឥមាយំ កុដិយំ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬអាត្មាអញនៅចាំ​វស្សាអស់ ៣ខែក្នុងតូបនេះ” ។ ក្នុងអាវាសនីមួយ ៗ នៅពេលភិក្ខុសង្ឃបានអធិដ្ឋានចូលវស្សារួចហើយ ភិក្ខុចៅអាវាស ឬ មហា​ថេរ ត្រូវប្រកាសប្រាប់ នូវខែត្រនៃអាវាស គឺកំណត់ព្រំប្រទល់វត្តគ្រប់ទិសទាំង ៤ ឲ្យភិក្ខុសាមណេរ គ្រប់រូបបានដឹង ដើម្បីនឹងចៀសវាងអំពីការដាច់វស្សា ពីព្រោះតែការបណ្ដោយឲ្យអារុណរះឡើង ក្នុងពេលដែលខ្លួនស្ថិតនៅក្រៅខែត្រនៃអាវាសនោះ។


បើដល់ថ្ងៃចូលវស្សារួចហើយ មានភិក្ខុណានៅធ្វើដំណើរទៅមក ឬអែអង់រងចាំចូលវស្សាក្រៅ​វត្ត ឃើញថាមិនសមគួរឡើយ ភិក្ខុនឹងត្រូវអាបត្តិទុក្កដ ។ បើភិក្ខុចូលវស្សានៅទីណាហើយ ត្រូវតែ​រក្សារាត្រីនៅក្នុងទីនោះ រហូតគ្រប់ពេលកំណត់ ៣ខែ ។ បើមានធុរៈត្រូវចេញទៅក្រៅអាវាសជា​ចាំបាច់ខានមិនបានគប្បីចេញចុះ តែប្រញាប់ត្រឡប់មកវិញឲ្យទាន់ពេលមុនអរុណរះ។


ភិក្ខុអាច​ទៅដោយសត្តាហករណីយ បាន៖

1. បើបានដឹងជាមុនថា មាតាឬបិតា នៃភិក្ខុឬសាមណេរនោះ មានធុរៈ ឬមានជម្ងឺធ្ងន់។

2. បើមានគេមកនិមន្តថា មានឧបាសក ឬឧបាសិកា បងប្អូនឬញាតិមិត្រ មានធុរៈ។

3. បើមានគេមកនិមន្ត ក្នុងសង្ឃករណីយកិច្ច ណាមួយ។ ក៏ប៉ុន្តែ តាមទម្លាប់មុននឹងចេញ​អំពីវត្ត ឬអាវាសទៅត្រូវអធិដ្ឋានថា “សច្ចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ …...ទុតិយម្បិ……..តតិយម្បិ…”។ ប្រែថា “បើមិនមានអន្តរាយ ឬឧបសគ្គដល់អា​ត្មាអញទេ​អាត្មាអញនឹងត្រឡប់មកវត្តវិញក្នុងចន្លោះសត្តាហៈពុំខាន ។ ………ជាគម្រប់ពីរដងផង។ ……..ជា​គម្រប់បីដងផង។ ភិក្ខុលើកសត្តាហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្តខាងក្នុងអរុណ​នៃថ្ងៃទីប្រាំពីរវិញ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃ​ទី​៧ទេ ពុំនោះសោតនឹងត្រូវដាច់វស្សា នឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និងសង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។


ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាត ចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សា​ប៉ុណ្ណោះ ។


នៅប្រទេសខ្មែរ ក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិងមកសំណាក់នៅក្នុងវត្ត ដើម្បីអប់រំខ្លួន ឲ្យមាន​ចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។


សាសនវិធី៖


រណ្ដាប់៖ ឧបាសក ឧបាសិកា ត្រូវរៀបរណ្ដាប់ជាចតុប្បច្ច័យមាន៖ ចង្ហាន់បិណ្ឌបាត សំពត់​សាដក ប្រេង ទៀនវស្សា (សម្រាប់ដុត ៣ខែ) ។ល។ ក្នុងវិន័យបិដក ភាគទី ៨ និយាយអំពីអានិសង្ស​សំពត់សាដកសម្រាប់ព្រះសង្ឃប្រើស្រង់ទឹក ។


ទៀនវស្សាត្រូវមានវិជ្ជមាត្រ(មាត់) ១តឹក និងកំពស់​២​ហត្ថ ធ្វើអំពីក្រមួនសុទ្ធឬក្រមួនចំបក់ មានជើងទ្រជាឈើឬស្ពាន់ ក្បាច់ផ្កាឈូក ។ សម័យបច្ចុប្បន្ន​ច្រើនប្រើចង្កៀងប្រេងកាត ឬប្រេងដូងជំនួស ។ ទៀនវស្សាគឺជា និមិត្តរូបនៃព្រះបញ្ញាញាណ របស់​ព្រះសម្ពុទ្ធ ដែលតែងតែភ្លឺជានិច្ចចំពោះសព្វសត្វមិនមានរលត់សោះឡើយ ។


ការប្រារព្ភ៖ ក្នុងថ្ងៃចូលវស្សា គឺល្ងាចថ្ងៃទី ១៥កើត ខែអាសាធ ឬទុតិយាសាធ ឧបាសក ឧបាសិក និងពុទ្ធបរិស័ទ ទៅជួបជុំគ្នាក្នុងទីវត្ត ។ លុះជួបជុំហើយ នាំគ្នាហែរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារផ្សេង ៗ ប្រទក្សិណព្រះវិហារ ឬ អាវាសណាមួយដែលព្រះសង្ឃបានកំណត់​ ។ បន្ទាប់មកទៀត នាំគ្នានមស្សការថ្វាយបង្គំព្រះរត្តនត្រ័យ សមាទានសីល ៥ សីល ៨ និមន្តព្រះសង្ឃ​ចម្រើនព្រះបរិត្ត និងបវរណាព្រះធម្មកថិកមួយអង្គ សម្ដែងព្រះធម្មទេសនា ព្រមទាំងវេរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើងថ្ងៃ ១រោច ខែអាសាធ មានប្រគេនយាគូ និងភត្តប្រគេនព្រះសង្ឃទៀតផង​ ៕



0 comments

Comments


bottom of page