top of page

គុណ​មាតា​បិតា​ប្រៀប​ធៀប​មក​គុណ​ព្រះ​ពុទ្ធ​

Updated: Jun 18, 2022


​អ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​ខ្លះ​ចង់​ដឹង​ថា គុណ​មាតា​បិតា​ និង គុណ​ព្រះ​សម្មាសម្ពុទ្ធ តើ​អង្គ​ណា​មាន​គុណ​ច្រើន​ជាង​?​ ជា​ដំបូង​គប្បី​យល់​អំ​ពី​ពាក្យ​ថា​ គុណ ។ ពាក្យ គុណ ជា​ភាសា​បាលី​ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា សេចក្តី​ល្អ​របស់​បុគ្គល​ណា​ម្នាក់​។ ដូច​ជា​ពាក្យ​ថា បុគ្គល​នេះ​មាន​គុណ​ធម៌​ ឬ​គុណ​សម្បត្តិ​ល្អ​គួរ​សេព​គប់​។ ឧ​ទាហរណ៍​សាមញ្ញ​ ដូច​បុគ្គល​ណា​ម្នាក់​បាន​ឲ្យ​វត្ថុ​អ្វី​មួយ​ដល់​បុគ្គល​ណា​ម្នាក់​ បុគ្គល​ដែល​បាន​ទទួល​អំណោយ​ពោល​ថា សូម​អរ​គុណ​។ គុណ​ក្នុង​ទី​នេះ​ សំ​ដៅ​យក​សេចក្តី​ល្អ​ដេល​បុគ្គល​នោះ​លះ​វត្ថុ​ធ្វើ​ជា​ទាន​។ ពាក្យ​គុណ​នេះ​មាន​លក្ខណៈ​ស្មើ​គ្នា​នឹង​ពាក្យ​ថា បុណ្យ​ កុសល សុចរិត អំ​ពើ​ល្អ​។

​ចំ​ពោះ​គុណ​ដែល​មាតា​បិតា​មាន​ចំពោះ​កូន​ប្រុស​ស្រី​ គឺ​នៅ​ត្រង់​គាត់​ចិញ្ចឹម​បី​បាច់​រក្សា​កូន​ប្រុស​ស្រី​ឲ្យ​រស់​រាន​មាន​ជីវិត​ បង្រៀន​ឲ្យ​ចេះ​និយាយ​ស្តី​ បញ្ជូន​កូន​ទៅ​សិក្សា​រៀន​សូត្រ​ អប់​រំ​កូន​ឲ្យ​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ចែក​មរតក​ឲ្យ​កូន​ធ្វើ​ជា​ដើម​ទុន​សម្រាប់​រក​ស៊ី​ជា​ដើម​។ ការ​បញ្ចេញ​ជា​សង្គហ​ធម៌​សង្គ្រោះ​នេះ​ឡើង​ ដោយ​សារ​មាតា​បិតា​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ គឺ​ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ គាត់​មាន​ទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន​កូន​ចាប់​តាំង​ពី​គាត់​ដឹង​ថាកូន​មក​ចាប់​បដិសន្ធិ​ហើយ។ គាត់​មាន​ចិត្ត​អាណិត​អាសូរ​កូន​ពេល​ដែល​កូន​មាន​ទុក្ខ ហើយ​ខំ​ប្រឹង​ដោះ​ស្រាយ​ ដូច​ជា​កូន​មាន​ជម្ងឺ ខំ​បន់​ស្រន់​ឲ្យ​កូន​ឆាប់​ជា យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាន​ជម្ងឺ។


ពេល​កូន​មាន​សុខ​ភាព​ល្អ​ បាន​សុខ​កាយ​សប្បាយ​ចិត្ត​ ម្តាយ​ឪ​ពុក​មាន​សេចក្តី​​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង។ ម្តាយ​ឪ​ពុក​បាន​ធូរ​ស្រាល​ពី​បន្ទុក​ខ្លួន​ដោយ​សារ​កូន​ធំ​ពេញ​រូប​ពេញ​រាង​ ចេះ​ទទួល​ខុស​ត្រូ​វ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​បាន​ហើយ​។ សកម្មភាព​ជា​គុណធម៌​ ឬ​ជាអំ​ពើ​ល្អ​របស់​គាត់​មក​លើ​បុត្រ​ធីតា​ប្រុស​ស្រី​នេះ​ហើយ​ ដែល​ហៅ​ថា​ គុណ។ គេ​មិន​អាច​បដិសេធ​គាត់​ថា​គ្មាន​គុណ​ឡើយ​។ បើ​បដិសេធ​ថា​គាត់​គ្មាន​គុណ​ ក៏​ដូច​ជា​បដិសេធ​អំ​ពើ​ល្អ​របស់​គាត់​ធ្វើ​មក​លើ​កូន​ប្រុស​ស្រី​ដូច​ពោល​មក​ហើយ​ដូច្នោះ​ដែរ​។


បើ​ទទួល​ដឹង​ថា​សកម្ម​ភាព​របស់​គាត់​មក​លើ​កូន​ប្រុស​ស្រី​មាន​ពិត​មែន​ នោះ​ហើយ​ជា​ការ​ទទួល​ស្គាល់​គុណ​របស់​គាត់​ទាំង​ពីរ​។ មាន​ខ្លះ​ពោលថា​ គាត់​សប្បាយ​ជា​មួយ​គ្នា​គាត់​ក៏​កើត​យើង​មក​ ដូច្នេះ​គាត់​គ្មាន​គុណ​អ្វី​ទេ។ ដូច​បាន​ពោល​មក​ហើយ គុណ​នៅ​ត្រង់​គាតិ​ចិញ្ចឹម​កូន​ឲ្យ​រស់​ បើ​គេ​សួរ​ថាខ្លួន​កើត​មក​ពី​ណា មុខ​ជា​ឆ្លើយ​ថា ខ្ញុំ​កើត​មក​ពី​អ្នក​នោះ ចុះ​អ្នក​នោះ​ធ្វើ​ម្តេច​ទើប​ខ្លួន​រស់​ មុខ​ជា​រក​ឃើញ​ថា អ្នក​ដែល​បង្កើត​ហើយ​ចិញ្ចឹម​​ខ្លួន​ឲ្យ​រស់​នោះ​ហើយ​ជា​អ្នក​មាន​គុណ​។ ត្រង់​គាត់​សប្បាយ​ជាមួយ​គ្នា ឬ​គាត់​មិន​សប្បាយ ជា​រឿង​ផ្សេង មិន​ទាក់​ទង​នឹង​ការ​ចិញ្ចឹម​នេះ​ឡើយ​។ មួយ​ទៀត មាន​ពាហិរ​សាសនា​គឺ​សាសនា​ដទៃ​ក្រៅ​ពី​ព្រះ​ពុទ្ធសាសនា​ពោល​ថា ម្តាយ​ឪ​ពុក​គ្មាន​គុណ​លើ​កូន​ប្រុស​ស្រី​ទេ អ្នក​ដែល​មាន​គុណ​គឺ​ព្រះ​អាទិទេព​ជា​អ្នក​បង្កើត​លោក​វិញ​ទេ។ នេះ​ជា​ទស្សនៈ​គ្មាន​ហេតុ​ផល​ តើ​នរណា​បាន​ឃើញ​ព្រះ​បង្កើត​លោក? ព្រះ​ពុទ្ធសាសនា​សំដែង​ថា អវិជ្ជា តណ្ហា ឧបាទាន និង កម្មផល ជា​តួ​សភាវធម៌​ជា​ហេតុ​បច្ច័យ​នាំ​ឲ្យ​កើត​មនុស្ស​សត្វ​។


ការ​កើត​ឡើង​ជា​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ ដូច្នេះ ដើម្បី​បំបាត់​ទុក្ខ​ ត្រូវ​លះ​បង់​ឬ​សម្លាប់​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ គឺ​សម្លាប់​អវិជ្ជា​ និង​តណ្ហា​នេះ​ឯង​។ បើ​ព្រះ​អាទិទេព​បង្កើត​មនុស្ស​សត្វ​ ដូច្នេះ ព្រះ​អាទិទេព​ជា​មេ​បណ្តាល​ឲ្យ​មនុស្ស​សត្វ​មាន​ទុ្ខ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​សត្វ​អស់​ទុក្ខ បើ​ព្រះ​អាទិទេព​គង់​នៅ​ ព្រះ​អង្គ​នៅ​តែ​បង្កើតជាតិ​ឲ្យ​មនុស្ស​សត្វ​មាន​ទុក្ខ​តទៅ​ទៀត​ មាន​ជរា​ទុក្ខ មរណ​ទុក្ខ​ជា​ដើម? ចំណែក​ម្តាយ​ឪ​ពុក​ពុំ​មែន​ជាហេតុ​បង្កើត​ជាតិ​ដល់​កូន​ឡើយ​ កូន​មក​ចាប់​បដិសន្ធិទៅ​តាម​កម្ម​ផល​របស់​ខ្លួន​ មា្តយ​ឪ​ពុក​គ្រាន់​តែ​ពរ​ផ្ទៃ​ហើយ​ចិញ្ចឹម​កូន​ឲ្យ​រស់​ប៉ុណ្ណោះ​។ ការ​ចិញ្ចឹម​កូន​ឲ្យ​រស់​នេះ​ហើយ ដែល​គាត់​ជា​អ្នក​មាន​គុណ​។


​ចំណែក​គុណ​របស់​ព្រះ​ពុទ្ធ នៅ​ក្នុង​ពុទ្ធគុណក្នុង​ព្រះ​នាម​ទាំង​៩ មាន​ អរហំ​ ជា​ដើម ដោយ​សង្ខេប​មាន​បី​គឺ វិសុទ្ធិគុណ បញ្ញាគុណ និង​ ករុណា​គុណ​។ វិសុទ្ធិគុណ ប្រែ​ថា​សេចក្តី​បរិសុទ្ធ។ សេចក្តី​ថា ព្រះ​អង្គ​ឆ្ងាយ​ចាក​សឹក​សត្រូវ​ពោល​គឺ​កិលេស​គ្រឿង​សៅ​ហ្មង​ចិត្ត​អស់​ហើយ​។ ព្រះ​អង្គ​ជា​បុគ្គល​បរិសុទ្ធ មិន​ធ្វើ​អំ​ពើ​បាប​គ្រប់​យ៉ាង​ទាំង​កំ​បាំង​មុខ​ទាំង​ចំពោះ​មុខ។ បញ្ញាគុណ​ ប្រែ​ថា​គុណ​គឺ​បញ្ញា ។ សេចក្តី​ថា ព្រះ​អង្គ​ត្រាស់​ដឹង​នេះ​ ជា​លោកុត្តរបញ្ញា ជា​បញ្ញា​ចេញ​ចាក​លោក ពុំ​មែន​ជា​លោកិយ​បញ្ញា​ឡើយ។ ករុណា​គុណ ប្រែ​ថា គុណ​គឺ​ករុណា។ ករុណា​ ប្រែ​ថា​ ការ​អាណិត​អាសូរ​មនុស្ស​សត្វ​របស់​ព្រះ​អង្គ​ដែល​កំពុង​វិល​កើត​វិល​ស្លាប់​ក្នុង​សង្សារ​វដ្ត​។ ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម៌ប្រោស​សត្វ​ ឲ្យ​មនុស្ស​យក​ទៅ​បដិបត្តិ​តាម​ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ​និព្វាន​ជា​ការ​រំ​លត់​ទុក្ខ​។


​បើ​ប្រៀប​ធៀប​គុណ​មាតា​បិតា​និង​គុណ​ព្រះ​ពុទ្ធ មាន​លក្ខណៈ​ខុស​គ្នា។ វិសុទ្ធិគុណ​និង​បញ្ញាគុណជា​សេចក្តី​បរិសុទ្ធ​និង​បញ្ញា​ផ្ទាល់​ខ្លួន​ព្រះ​អង្គ ចំណែក​មាតា​បិតា​ គុណ​នេះ​គ្មាន​ទេ។ ករុណាគុណ ព្រះ​អង្គ​សំ​ដែង​ធម៌ប្រោស​មនុស្ស​សត្វឲ្យ​យក​ទៅ​ប្រតិបត្តិ​តាម​រហូត​ចេញ​ចាក​ទុក្ខ​ ចំណែក​មាតា​បិតា​ជួយ​សង្គ្រោះ​កូន​ប្រុស​ស្រី​ឲ្យ​បាន​សុខ​ស្រួល​តែ​ក្នុង​ជីវភាព​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ ដូច្នេះ​បញ្ជាក់​ថា ព្រះ​ពុទ្ធ​មាន​គុណ​ពិសេស​ដ៏​ខ្ពង់​ខ្ពស់ជា​គុណ​មាតា​បិតា​។


ដកស្រង់ចេញ​ពី​សៀវភៅ អត្ថបទព្រះធម៌​ភាគ៥របស់ ​ព្រះតេជគុណបណ្ឌិត មហាហុក សាវណ្ណ​


0 comments

Comments


bottom of page