top of page

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

Updated: Jun 18, 2022


ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។


កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។


ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចម្រើន​នូវ​គុណធម៌​ បាន​សម្រេច​ជា​សោតា​បន្ន ជា​សកទា​គាមី និង​ជា​អនាគាមី ដែល​ហៅ​ថា​ ព្រះ​អរិយៈ បុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថា ព្រះ​សេក្ខ​បុគ្គល គឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។ សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​សិក្សា​ លុះ​ត្រា​តែ បាន​សម្រេច​ជា​ព្រះអរហន្ត​ ទើប​ហៅ​ថា​ ព្រះ​អសេក្ខ​បុគ្គល គឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ ។ នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារ ជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​ និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន ។ ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​ ។


សូម​មនុស្ស​ទាំង​ឡាយ​ សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​ និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំ ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​ និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​ គឺ​ព្រះ​អរហន្ត​៕​


«​ស្រង់​ចេញ​ពី​សៀវភៅ ពរ​៤​ប្រការ របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត​ សាវង្ស»


0 comments
bottom of page