top of page

ព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ


idp01050dpirgb

សួរៈ តើបាលី «នត្ថិ មេ» ដែលពុទ្ធបរិស័ទសូត្រសូមយកព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជា ទីពឹងទីរលឹកនោះ តើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជ្រាបបាននិងជួយជាទីពឹងបានដូចពាក្យសច្ចកិរិយាគេ សូមសិរីសួស្តីជ័យមង្គល នោះមែនឬទេ?


ឆ្លើយៈ ឱ!ពាក្យសួរនេះពិបាកឆ្លើយព្រោះព្រះពុទ្ធបរិនិព្វានបាត់ទៅហើយ ព្រះធម៌គ្មានរូបរាងកាយដៃជើងនឹងជួយ បើសង្ឃឹមផ្តេកចិត្តទៅលើព្រះពុទ្ធរូបសព្វថ្ងៃ ជាដុំថ្មមិនចេះនិយាយស្តីថាអ្វី ព្រះធម៌ដែលនៅក្នុងស្លឹករឹត ឬសៀវភៅ គ្រាន់តែជាស្នាមគំនូសតួរអក្សរកត់ត្រាពុទ្ធវចនៈទុក សង្ឃឹមទៅលើព្រះសង្ឃក៏ជាមនុស្សកូនចៅអ្នកស្រុក មានព្រះសង្ឃខ្លះលោកមិនចេះទាំងប្រែបាលី «នត្ថិ មេ» នោះថាដូចម្តេចផង យ៉ាងនេះគួរឲ្យឆ្ងល់ណាស់ដែរ ប៉ុន្តែ ចូរប្រយ័ត្នកុំឲ្យជ្រុលគំនិតហួស ក្រែងជ្រលួសទៅលើផ្លូវខុសនឹងក្លាយទៅជាមនុស្សមិច្ឆាទិដ្ឋិអ្នកស្លាប់គំនិតត្រូវប្រយ័ត្នដូចពាក្យបរម្បរាថា «ថ្វាយបង្គំព្រះពុទ្ធប្រយ័ត្នប៉ះលើដុំថ្ម ថ្វាយបង្គំព្រះធម៌ប្រយ័ត្នប៉ះលើស្លឹករឹត ថ្វាយបង្គំព្រះសង្ឃមិនបានជាគិតប្រយ័ត្នប៉ះលើកូនអ្នកស្រុក» ពាក្យនេះពោលទុកបញ្ជាក់ គំនិតឲ្យចេះគិតរកគុណព្រះរតនត្រ័យ កុំឲ្យទើរចិត្តនៅត្រឹមដុំថ្មស្លឹករឹតតែប៉ុណ្ណោះ ឯអ្នកមានគំនិតល្អនោះ ត្រូវយល់ថាត្រៃសរណគមន៍ ក៏គឺព្រះរតនត្រ័យៗ ក៏គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃៗ ក៏គឺសភាពដែលពិត ដែលមានប្រាកដដល់ចិត្តអ្នកធ្វើទីពឹង បានន័យថាទាញយកគុណព្រះរតនត្រ័យ ពោលគឺសេចក្តីល្អរបស់ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃបង្អោនមកទុកក្នុងចិត្តរបស់ខ្លួន ។


ពេលថ្វាយបង្គំព្រះពុទ្ធបដិមាត្រូវបង្អោន ចិត្តរលឹកដល់ព្រះសម្មាសម្ពុទ្ធកាលព្រះអង្គគង់ព្រះជន្មនៅឡើយ ហើយត្រូវរលឹកដល់ព្រះ មហាករុណាទិគុណរបស់ព្រះអង្គដែលខិតខំសំដែងព្រះធម៌ទេសនាប្រោសវេនេយ្យសត្វដោយ ឥតរើសមុខអោយរួចចាកសេចក្តីទុក្ខទាំងពួង ។ ពេលថ្វាយបង្គំព្រះធម៌ ត្រូវរលឹកដល់ ព្រះធម្មគុណដែលជាសភាវៈនិងជាត្រីវិស័យនាំសត្វលោកអ្នកប្រតិបត្តិអោយឆ្លងផុតទុក្ខទាំងពួង។ ពេលថ្វាយបង្គំព្រះសង្ឃត្រូវនឹកដល់គុណគឺសីលរបស់ព្រះអង្គ និងគុណគឺសេចក្តីល្អផ្សេងៗដែលលោកបាននាំយកព្រះពុទ្ធោវាទមកផ្សព្វផ្សាយបន្តដើម្បីសេចក្តីសុខដល់ជនអ្នកប្រតិបត្តិតាម និងរលឹកដល់គុណព្រះអរិយសង្ឃទាំងឡាយ។ គុណទាំងនេះគឺ ជាសភាវពិតដែលសត្វលោកត្រូវយកជាទីពឹងដោយការគោរពប្រតិបត្តិតាមដើម្បីបាននូវសេចក្តីសុខនិងសិរីមង្គលជាផល ។


ចិត្តអ្នកធ្វើទីពឹងលើសភាពដែលពិតនោះ ក៏នឹងបានប្រាកដដូចបំណងព្រោះតែចិត្តខ្លួនពិតផងដែរ កុំថាឡើយត្រឹមតែសិរីសួស្តីជ័យមង្គលតែប៉ុណ្ណោះ សូម្បីតែសេចក្តីសុខក្នុងស្ថានសួគ៌និព្វានដែលមានតម្លៃកាត់មិនបាន អ្នកធ្វើកម្មដ្ឋានគេយកព្រះរតនត្រ័យមានព្រះពុទ្ធជាដើមជាទីពឹង មកធ្វើជាមូលកម្មដ្ឋាននោះ ក៏ជួយគេឲ្យបានសម្រេចមគ្គផលដល់ព្រះនិព្វានដូចប្រាថ្នា ហេតុនេះក៏សូមឆ្លើយខ្លីថា នឹងបានឬមិនបានដូចបំណងក៏មកតែពីអ្នកធ្វើពិតនិងមិនពិតប៉ុណ្ណោះឯង ។


0 comments
bottom of page